ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​យូណេស្កូ​ជួបជុំ​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក


មន្ត្រី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកប្រជុំ​ពេញស្វែងរក​ការយក​ចិត្តទុកដាក់​លើ​ការថែរក្សា​បេតិកភណ្ឌ​ពិភពលោក​និង​បញ្ចូល​រមណីយដ្ឋាន​ថ្មី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
មន្ត្រី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកប្រជុំ​ពេញស្វែងរក​ការយក​ចិត្តទុកដាក់​លើ​ការថែរក្សា​បេតិកភណ្ឌ​ពិភពលោក​និង​បញ្ចូល​រមណីយដ្ឋាន​ថ្មី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។
ប្រទេស​ចំនួន​១២៨​កំពុង​ប្រជុំ​ពេញអង្គ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​(Unesco)​ ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​គោលដៅ​ស្វែងរក​ការយក​ចិត្តទុកដាក់​លើ​ការថែរក្សា​បេតិកភណ្ឌ​ពិភពលោក​និង​បញ្ចូល​រមណីយដ្ឋាន​ថ្មី​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក។

លោកស្រី​អ៊ីរីណា បូកូវ៉ា​ (Irina Bokova) ​អគ្គនាយិកា​អង្គការ​វប្បធម៌ ​វិទ្យាសាស្ដ្រ ​អប់រំ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ហៅ​កាត់​ថា​យូណេស្កូ ​មានប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្រោយពី​កិច្ចប្រជុំ​ពេញ​អង្គ​បាន​មួយ​កំណាត់​ថ្ងៃ​ថា​មាន​ការពិភាក្សា​ជាទូទៅ​ជាច្រើន។

លោកស្រី​និយាយថា៖ «មានការ​ពិភាក្សា​ជាច្រើន​អំពី​អនាគត​នៃ​អនុសញ្ញា​ស្តីពី​សារៈ​សំខាន់​នៃ​បេតិកភណ្ឌ​ពិភពលោក​និង​សញ្ញាណ​នៃ​បេតិកភណ្ឌ​និង​តម្រូវ​ការការពារ​ក្នុង​ពិភពលោក។ មាន​សំណើ​ចំនួន​៣១​សម្រាប់​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែល​នឹងត្រូវ​ជជែក​ពិភាក្សា​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ចំនួន​២១​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ»។

លោក​សុខ អាន ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ថា​មាន​ប្រតិភូ​បរទេស​កើន​ដល់​ចំនួន​១.៤៦៥​នាក់​ត្រូវ​មក​ចូល​រួម​កិច្ចប្រជុំ​ពេញ​អង្គ​រយៈពេល​១២​ថ្ងៃ​នេះ។ កិច្ចប្រជុំ​ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​រាជធានី​ភ្នំពេញនិង​នៅ​ក្រុង​សៀមរាប។

សូមបញ្ជាក់ថា​ អ្នកយក​ព័ត៌មាន​មិនត្រូវ​បាន​អនុញ្ញត​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​អាច​ស្តាប់​កិច្ចពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​ដោយផ្ទាល់​បាន​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ​តាមរយៈ​ការភ្ជាប់​តាម​បណ្តាញ​ទូរទស្សន៍​មកកាន់​បន្ទប់​ព័ត៌មាន។ មាន​សំណើចំនួន​៣១​មកពី​ប្រទេស​ចំនួន​៣០​ដើម្បី​ស្នើ​ដាក់​រមណីយដ្ឋាន​និង​ទីតាំង​ប្រវត្តិ​សាស្ដ្រជា​បេតិកភណ្ឌ​ពិភពលោក។

លោក​រ៉ូនី ​អាម៉េឡាន (Roni Amelan) ​មន្ត្រី​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ​មានប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា​ក្នុងនោះ​មាន​ប្រទេស​ថ្មី​មួយ​ចំនួន​ដែល​ទើបនឹង​ដាក់សំណើ​ដូចជា​ប្រទេស​កាតា​ប្រទេស​ហ្វ៊ី​ជី​និង​ប្រទេស​ស៊ី​រី​ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​បាន​ដក​សំណើ​របស់​ខ្លួន​ចេញ​វិញ។

លោក​រ៉ូនី អាម៉េឡាន ​បាន​ពិពណ៌នា​ថា​ក្នុង​ចំណោម​រមណីដ្ឋាន​ដែល​ត្រូវ​បានស្នើ​នោះ​មាន​តំបន់​ក្រុង មាន​តំបន់​ដែល​ពោរពេញ​ដោយ​គ្រាប់មីន ​តំបន់​ដែល​កំពុង​ទទួលរង​គ្រោះ​ដោយ​ការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​មាន​តំបន់​ធម្មជាតិ​យ៉ាង​ធំ​ដូចជា​នៅ​ប្រទេស​ចិន ​និង​ប្រទេស​តា​ហ្ស៊ី​គីស្ថាន ​តំបន់​ជ្រលង​ភ្នំ​នៅ​ប្រទេស​អ៊ីតាលី ​ជាដើម។

អ្នកស្រី​អ៊ីរីណា បូកូវ៉ា ​បញ្ជាក់ថា​ក្នុង​កិច្ចប្រជុំ​នេះ​ក៏​នឹងមាន​កិច្ច​ពិភាក្សា​អំពី​សម្ប​តិ្ត​បេតិកភណ្ឌ​ដែល​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​ផងដែរ។

អ្នកស្រី​និយាយថា៖ «ឧទាហរណ៍​ប្រទេស​ម៉ាលី ​ដែល​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ​ហើយ​ប្រាសាទ​មួយចំនួន​នឹង​ត្រូវ​លើក​យកមក​ជជែក​ក្នុង​កិច្ចប្រជុំ​លើក​នេះ»។

លោក​រ៉ូនី អាម៉េឡាន ​បាន​ប៉ាន់​ស្មាន​ថា​រមណីយ​ដ្ឋា​ន​និង​តំបន់​បុរាណ​ចំនួន​ប្រមាណ​ជា​១៥​អាច​នឹង​ត្រូវ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​នេះ​ប៉ុន្តែ​មន្ត្រី​កម្ពុជា​ឲ្យ​ដឹងថា​រហូត​មក​ទល់​នឹង​ល្ងាច​នេះ​ប្រទេស​ជា​សមាជិក​មិនទាន់​ធ្វើការ​សម្រេច​ណាមួយ​លើ​បញ្ហា​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG