ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​សហប្រជាតិថ្លែង​អំពី​អាហារូបត្ថម្ភ​​ពិភពលោក


ការ​ជម្នះទៅ​​នឹងជំងឺ​ខ្វះ​ជីវជាតិនេះ​ ​ត្រូវ​តែ​​មានការ​ចូលរួម​​​ជា​ដៃ​គូ​​ពី​សំណាក់​​​វិស័យសាធារណ​និង​​ឯកជន។
ការ​ជម្នះទៅ​​នឹងជំងឺ​ខ្វះ​ជីវជាតិនេះ​ ​ត្រូវ​តែ​​មានការ​ចូលរួម​​​ជា​ដៃ​គូ​​ពី​សំណាក់​​​វិស័យសាធារណ​និង​​ឯកជន។
ដោយ Peter Fedynsky
ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា
កម្មវិធី«បង្កើនអាហារូបត្ថម្ភ​» ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SUN គឺ​ជា​ចលនា​មួយ​ ដែល​ត្រូវ​បានចាប់ផ្តើម​កាល​ពី​៣​ឆ្នាំ​មុន ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់រដ្ឋាភិបាល អង្គការ​ឯកជន និងបុគ្គល​ម្នាក់​ៗផង​ ដែល​ស្វែង​រក​ការបញ្ចប់​ភាព​អត់ឃ្លាន​និងកង្វះ​អាហារូបត្ថមនៅលើ​សកល​លោក។
ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​ SUN អគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) មាន​ប្រសាសន៍ថា កំណើនរបស់​កុមារ​ចំនួន​២០០​លាន​នាក់នៅទូទាំង​ពិភពលោក ​បាន​ក្រិនដោយសារតែកង្វះ​ខាតអាហារូបត្ថម្ភ។ លោក ​បាន​ដកស្រង់ការ​ពិនិត្យមើល​ផ្នែកវិទ្យាសាស្ត្រ​ឆ្នាំ២០០៨ ដែល​បាន​សន្និដ្ឋាន​ថា ការ​វិនិយោគ​ទៅ​លើ​អាហារូបត្ថម្ភ​គឺជាមធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ដ៏សន្សំសំចៃ​បំផុត​ដើម្បី​ធានា​ឲ្យ​ប្រាកដថា ​សហគមន៍​ក្រីក្រ​មាន​ឱកាសដ៏ល្អប្រសើរបំផុតនៅក្នុង​ការ​រស់នៅ។
«​អាហារូបត្ថម្ភ​ល្អ​មិន​មែន​សំដៅ​ទៅ​លើតែអាហារ​ដែល​ផ្តល់សុខភាព​ល្អ​ជាង​មុន​ប៉ុណ្ណោះ​ទេ ទោះបី​អាហារ​នោះជា​ផ្នែក​មួយក៏​ដោយ។ ហើយ​វា​ក៏​មិន​ត្រឹម​តែសំដៅ​លើការ​ធានា​ឱ្យ​បាន​នូវ​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ល្អ​ប៉ុណ្ណោះ​ដែរ​ ទោះបីការ​ថែទាំ​សុខ​ភាពជា​ផ្នែក​មួយ​ក្តី ហើយ​វា​ក៏​មិនមែន​ត្រឹម​តែ​សំដៅ​លើ​ច្បាប់ការងារ​ដ៏​សមស្រប​ កសិ​ពាណិជ្ជកម្ម​ដែល​គិត​គូរ​អំពី​អាហារូបត្ថម្ភ ឬ​ក៏​អនាម័យ​ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះ​ដែរ។»
លោក​អគ្គលេខាធិការ បាន​ថ្លែង​ថា កម្មវិធី​ SUN​ កំពុង​តែ​បង្ហាញ​ថា អាហារូបត្ថម្ភ​ល្អ​អាច​ទទួល​បាន ​ប្រសិន​បើ​ធាតុ​ផ្សំ​ទាំង​នោះ​ជា​ផ្នែក​នៃ​យុទ្ធសាស្ត្រ​មួយ​ដែលដាក់បញ្ចូល​ការ​ប្រើ​ប្រាស់​មូលនិធិ ច្បាប់ និង​សកម្មភាព ប្រកប​ដោយ​ភាព​ស៊ី​សង្វាក់​គ្នា។
លោក អានថូនី ឡេក (Anthony Lake) ប្រធាន​កម្មវិធី​ SUN និងជា​នាយកប្រតិបត្តិអង្គការ យូនីសេហ្វ (UNICEF) បាន​និយាយ​ថា ​នៅ​ពេល​ដែល​កុមារដែល​ខ្វះ​ជីវជាតិ ចូលបម្រើ​ការងារ ពួកគេអាច​រំពឹង​អំពី​ការ​កាត់​បន្ថយ​សមត្ថភាព​រកប្រាក់ចំណូល​រហូត​ដល់២២ភាគរយ។
«​បញ្ហា​នេះ​បង្ក​ឱ្យ​បញ្ហាលំបាក​ក្នុង​ការ​ទិញ​អាហារ​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួកគេ ងាយ​ទទួល​រងគ្រោះកាន់​តែ​ខ្លាំងចំពោះ​ជំងឺ​ដែល​អាច​ការ​ពារ​បាន ហើយទំនង​ជាអាចបន្តចម្លង​ជំងឺ​នេះ​ទៅ​ ​កូន​របស់​ពួកគេទៀតផង។»
លោក ឡេក បាន​និយាយ​ថា​ អាហារូបត្ថម្ភខ្នាត​តូច​ ការ​បំបៅ​កូនដោយ​ទឹកដោះ​ម្តាយ​ ការ​ថែ​រក្សា​អនាម័យដ៏ត្រឹមត្រូវ​ និង​កម្មវិធីផ្តល់​អាហារូបត្ថម្ភ​នៅ​តាមសហគមន៍​ អាច​បង្ការ​ជំងឺ​ក្រិន​បាន។ ការចំណាយប្រាក់វិញ? លោក​ ឡេក បានថ្លែងថា ការ​ចំណាយ​គឺ​តិចតួច​ទេ គឺ​មិន​លើសពី​២០​ដុល្លារ​ទេ​សម្រាប់កុមារ​ម្នាក់ សម្រាប់មួយ​ពាន់ថ្ងៃ​ដំបូង។
រដ្ឋមន្ត្រី​ការ​បរទេស​បង់ក្លាដេស (Bangladesh) លោក ឌីភូ ម៉ូនី (Dipu Moni) ដែល​កំពុង​អាន​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយនាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​នេះ បាន​និយាយ​ថា ប្រហែល​ជា​មួយ​ភាគ​បី​នៃ​ស្រ្តី​បង់ក្លា គ្មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់។ លទ្ធផល​នេះបង្ក​ទៅ​ជា​ជំងឺ​ខ្វះ​ឈាម​ក្រហម ​ដែល​ប៉ះពាល់​ដល់​ការបង្កើត​កូន។
«​អាស្រ័យ​ហេតុ​នេះ​ហើយ យើង​កំពុង​តែជំរុញ​ឲ្យមាន​ការ ពន្យាពេលការ​រៀប​អាពាហ៍ពិពាហ៍​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើងស្ថានភាព​អាហារូបត្ថម្ភរបស់​ក្មេង​ស្រី​ជំទង់ និង​កាត់​បន្ថយ​ឧបទ្ទវហេតុ​នៃ​កុមារ​កើត​មិន​គ្រប់ទម្ងន់។»
វាគ្មិន​មួយ​ចំនួនបាន​និយាយ​ថា​ ការ​ជម្នះទៅនឹងជំងឺ​ខ្វះ​ជីវជាតិនេះ​ ​ត្រូវ​តែមានការ​ចូលរួម​ជា​ដៃ​គូពី​សំណាក់​វិស័យសាធារណ​និងឯកជន។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នីហ្សេរីយ៉ា (Nigeria) លោក​ ង៉ូហ្សី អូកូនចូ អ៊ីវីអាឡា (Ngozi Okonjo-Iweala) បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​ត្រូវ​ធ្វើ​ការ​យ៉ាង​ស្អិត​រមួត ដោយ​ផុស​ចេញ​ទស្សន​សុខាភិបាល អាហារូបត្ថម្ភ ធនធាន​ទឹក និង​អនាម័យ​ផង​ដែរ។
«​យើង​យល់​ឃើញ​ថា ​ក្រសួង​កសិកម្ម សុខភាព យ៉ែនឌ័រ និង​ហិរញ្ញវត្ថុ ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា ហើយ​យើង​ព្យាយាម​បញ្ចូល​វិស័យ​ទាំងនេះ​ទៅ​ក្នុង​គំនិត​ផ្តួចផ្តើម​មួយ ដែល​យើង​ហៅ​ថា «​ការ​សង្គ្រោះ​ជីវិត​មួយ​លាន​នាក់»។
ប្រធានអង្គការ​សុខភាព​ពិភពលោក (World Health Organization) បាន​សង្កត់​ធ្ងន់​លើ​ផ្នែកមួយ​ទៀត​នៃ​អាហារូបត្ថម្ភ​ដ៏​ល្អ ដោយ​ការ​កាត់បន្ថយ​ការ​បរិភោគ​អាហារ​ដែល​មានគ្រោះថ្នាក់។ អ្នកស្រី ម៉ាហ្គារ៉េត ចាន់ (Margaret Chan) បាន​និយាយ​ថា ​អាហារ​ទាំង​នោះរួម​មាន ខ្លាញ់ អំបិល និង​ស្ករ៕
XS
SM
MD
LG