ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមយុវជន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​បង្ហាញ​គោល​នយោបាយ


យុវជន​​ចូលរូម​​ក្នុង​កម្មវិធី​របស់​​អង្គការ​​តម្លាភាព​​កម្ពុជា​​ដែល​តំណាង​គណ​បក្ស​ប្រកាស​ប្រឆាំង​អំពើ​ពុករលួយ។​
យុវជន​​ចូលរូម​​ក្នុង​កម្មវិធី​របស់​​អង្គការ​​តម្លាភាព​​កម្ពុជា​​ដែល​តំណាង​គណ​បក្ស​ប្រកាស​ប្រឆាំង​អំពើ​ពុករលួយ។​
ស្រប​ពេល​ដែល​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់​ក្រុម​សង្គម​ស៊ីវិល​បាន​ជំរុញឱ្យ​តំណាង​គណបក្ស​នយោបាយ​នីមួយៗបង្ហាញ​ពីកម្មវិធី​នយោបាយរបស់​ខ្លួន​ដល់​ក្រុមយុវជន។

លោក ជាង សុខា ​នាយក​ប្រតិបត្តិ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP) ​បាន​ថ្លែង​ទាមទារ​ដូច​នេះ​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធីបើក​សិក្ខាសិលា​ស្តីពី​ «ការ​ចូលរួម​របស់​យុវជន​ក្នុង​ការបោះឆ្នោត»​ ដែលមាន​ការ​ចូលរួម​ពី​យុវជន​ជាង​៣០០​នាក់​មក​ពី​សកលវិទ្យាល័យ​ចំនួន​២០​ តំណាង​អង្គការ​សង្គម​ស៊ីវិល ​និង​តំណាងគណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​ដោយ​សង្កត់​ធ្ងន់ពី​សារៈ​សំខាន់​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត ​ព្រោះ​យ៉ាង​ហោច​ណាស់​៣៤​ភាគរយនៃ​អ្នក​បោះឆ្នោត​ជាង​៩លាន​នាក់ជា​យុវជន ​ដូច្នេះ​«យុវជន​ជា​ចលករ​សំខាន់​ក្នុង​ការ​សម្រេច​លទ្ធផល​បោះឆ្នោត»។

លោក​ ជាង សុខា ​បន្ថែម​ថា​ក្រុម​យុវជន​គប្បីត្រូវ​បាន​ទទួល​ព័ត៌មាន​គ្រប់ជ្រុង​ជ្រោយ​ពី​កម្ម​វិធី​នយោបាយ​របស់​គណបក្ស​នីមួយ​ៗ​សម្រាប់​ការ​វាយ​តម្លៃ​និង​ជ្រើសរើស។

យុវជនដែល​បាន​ចូលរួម ​បាន​សួរ​ដេញ​ដោល​យ៉ាង​សកម្មជាមួយវាគ្មិន​ ជុំ​វិញ​គោល​នយោ​បាយ​របស់​គណបក្ស​នីមួយៗ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កំពុង​ចោទ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្នរួម​មាន ​អំពើ​ពុក​រលួយ ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ​ការអភិវឌ្ឍ​ទីក្រុង ​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ការ​ទាម​ទារ​ទឹក​ដី​ដែល​បាត់បង់​ ឯករាជ្យភាព​របស់​តុលាការនិង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក យ៉ែម បុញ្ញឫទ្ធិ ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា​គោល​នយោបាយ​៧​ចំណុច​របស់​ខ្លួន ថា​ជា​ចំណុច​ខ្លាំង​ដើម្បី​ឈាន​ទៅ​រក​ជ័យ​ជម្នះ​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

លោក​និយាយថា៖​ «ចំណុច​ខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គិត​រឿង​ជាតិ​ហ្នឹង​តែ​ម្តង។ សង្គ្រោះ​ជាតិ​មាន​៧​បន្ទាត់។ បន្ទាត់​ទី​មួយ​១០​ដុល្លារ ​បន្ទាត់​ទី​ពីរ១៥០​ដុល្លារ ​បន្ទាត់​ទី​បី​១​លាន​រៀល ទី​បួន​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​ដោយ​ឥត​យក​លុយ បន្ទាត់​ទី​៥​ជួយ​ទប់​ស្កាត់​តម្លៃ​កសិផល​ស្រូវ​ឱ្យ​បាន​១ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម បន្ទាត់​ទី​៦​ជួយ​ប្អូនៗ​យុវជន​ឱ្យ​មាន​ឱកាស​ដូច​គ្នា​ក្នុង​ការ​រៀន​សូត្រ ​បន្ទាត់​ទី​៧បញ្ចុះ​តម្លៃ​ប្រេង អគ្គិសនី ​និង​អត្រា​ការ​ប្រាក់»។

រីឯ​តំណាងគណបក្ស​ហ៊្វុនស៊ិន​ប៉ិច ​លោក ផាន​ សុធី​ ផ្តោត​គោល​នយោបាយ​ខ្លួន​លើ​ការ​ពង្រឹង​ការ​អប់រំ​ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​ដឹកនាំ​តាម​ប្រព័ន្ធសង្គមរាស្ត្រ​និយម។

លោក​ឲ្យដឹងថា៖ «គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ប្រសិន​បើ​ឈ្នះ​ឆ្នោត ​នឹង​មើល​រឿងយុត្តិធម៌​ឱ្យ​បានមុន​គេ។ អ្នក​មាន​លុយ​ គេ​មិន​ដែល​ចាញ់​ក្តី​ជាមួយ​អ្នក​ក្រ​ទេ។ អ្នក​មាន​បើក​ឡាន​មក​បុក​អ្នក​ក្រ​ងាប់​ហើយ​ពេល​ខ្លះ​អត់​សង​ជំងឺ​ចិត្ត​ទៀត​ហើយ​មាន​រឿង​អ្នកក្រ​វិញ»។

លោក គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​សួរ​ដេញ​ដោល​ជា​សាធារណៈ​រវាង​ក្រុម​យុវជន​និង​តំណាង​គណបក្សអំពី​គោល​នយោបាយ​របស់​ខ្លួន។

យ៉ាង​ណា​ម៉ិញ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​ថាពុំ​មាន​តំណាង​គណបក្ស​ប្រជាជន​កម្ពុជាកំពុង​កាន់​អំណាច​មក​ចូលរួម​នោះ​ទេ។ នេះ​ជា​អវត្ត​មានលើក​ទី​ពីរ​ហើយ​របស់​តំណាង​គណបក្ស​នេះក្នុងវេទិកា​សាធារណៈ​នៅសប្តាហ៍​នេះ។ កាល​ពី​ថ្ងៃ​ពុធ​នេះ ​គណ​បក្សនេះ​បាន​អវត្តមានម្តង​រួច​មក​ហើយ​ក្នុង​វេទិកា​មហាជន​មួយ ​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​៦​ ចុះ​ហត្ថលេខា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​ដោយ​មាន​អ្នក​សង្កេតការណ៍​២៦​ប្រទេសធ្វើ​ជា​សាក្សី។
កញ្ញា កោល សិលា ​និស្សិត​ឆ្នាំ​ទី​ពីរ​ម្នាក់​នៅ​ឯ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញថ្លែង​ថា​សិក្ខា​សិលា​នេះ​ធ្វើឱ្យគេ​យល់​ពី​សារៈ​សំខាន់​នៃ​ការ​បោះឆ្នោត​និង​គោល​នយោបាយអភិវឌ្ឍន៍​ជាតិ​របស់​គណបក្ស​នីមួយៗ ​ប៉ុន្តែ​កញ្ញា​បាន​បង្ហាញ​ពី​ការអន់ចិត្ត​ចំពោះ​អវត្តមាន​របស់​តំណាង​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា។

កញ្ញា កោល សិលា ​បន្ថែម​ថា​ការចូលរួម​បោះ​ឆ្នោត​នា​ពេ​ល​ខាង​មុខ​ជា​កាតព្វកិច្ច​របស់​កញ្ញា​ជា​យុវជន​ម្នាក់។

កញ្ញា​និយាយថា៖ «ចំពោះ​ពេល​ខាង​មុខ​២០១៣​ហ្នឹង ​ខ្ញុំ​នឹ​ង​ទៅ​បោះឆ្នោត​នៅ​ខេត្ត ​ទោះបី​ជា​ជាប់​រវល់​ខ្លះ ​ប៉ុន្តែ​នឹង​ប្តេជ្ញា​នឹង​ទៅ​បោះឆ្នោត ​ដោយ​សារ​ខ្ញុំ​គិតពី​អនាគត​របស់​ប្រទេស​ជាតិ​ខ្ញុំ ​អនាគត​ខ្ញុំ​ និង​គ្រួសារ​ខ្ញុំ។ ប្រសិន​បើ​យើង​មិន​ទៅ​ទេ ​ហាក់​ដូចជា​យើង​មិន​បាន​ធ្វើ​ខ្លួន​ជា​យុវជន​ល្អ​ម្នាក់​ទេ។ នេះ​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ»។

ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​មាន​គណបក្ស​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង។

យ៉ាង​ណា​ក៏​ដោយ​ លោក ជាង សុខា​ គូស​បញ្ជាក់​ថា​អាច​នឹង​មាន​យុវជន​ជា​ច្រើន​មិន​ទៅ​បោះឆ្នោត​នា​ពេលខាង​មុខ​នេះ ​ដោយ​សារ​កំណើន​ពលករ​ចំណាក​ស្រុក​ដែល​ភាគ​ច្រើន​ជា​យុវជន​ កង្វះ​ព័ត៌មាន​អំពី​ការ​បោះឆ្នោត ​និង​ការមិន​យក​ចិត្ត​ទុក​ដាក់​ឬ​ខ្លាច​រអា​នឹង​រឿង​នយោបាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG