ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​រុស្ស៊ី​និយាយ​ថា​​ការវាយប្រហារ​ដោយ​ដ្រូន​​​អ៊ុយក្រែន​សម្លាប់​មនុស្ស​៦​នាក់​ក្នុង​តំបន់ Belgorod​​


អគារ​មួយ​ត្រូវបាន​បំផ្លិចបំផ្លាញ​ក្រោយពីការវាយប្រហារពី​អ៊ុយក្រែន​កាលពីថ្ងៃទី​១៧ មីនា ឆ្នាំ២០២៤។ REUTERS/Stringer
អគារ​មួយ​ត្រូវបាន​បំផ្លិចបំផ្លាញ​ក្រោយពីការវាយប្រហារពី​អ៊ុយក្រែន​កាលពីថ្ងៃទី​១៧ មីនា ឆ្នាំ២០២៤។ REUTERS/Stringer

ក្រុម​មន្ត្រី​រុស្ស៊ីនៅ​ភាគខាង​លិចប្រទេស​រុស្ស៊ី​បាន​និយាយថា​ ​អ៊ុយក្រែន​បាន​ធ្វើការ​វាយប្រហារ​ដោយ​ដ្រូននៅ​ថ្ងៃ​ចន្ទ​នេះ​លើតំបន់​ ​Belgorod​ ក្បែរ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​ក៏​៦​នាក់ដែរ។

អភិបាល​តំបន់​ Belgorod លោក​ Vyacheslav Gladkov ​បាន​និយាយលើ​បណ្តាញ​តេឡេក្រាម​ថា​ ដ្រូនបាន​វាយប្រហារ​ចំរថយន្ត​មួយ​ចំនួន និង​បាន​ធ្វើ​ឱ្យ​មនុស្ស​របួស​ជាង​៣០នាក់​ផង​ដែរ។​

យោធា​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ប្រព័ន្ធការពារ​ដែន​អាកាស​របស់​ខ្លួន​ ​ បាន​បាញ់​ទម្លាក់​ដ្រូនរុស្ស៊ី​ចំនួន​១២​ក្នុង​ចំណោម​១៣​គ្រឿង​ ដែល​បានធ្វើ​ការ​វាយប្រហារ​កាល​ពីយប់មិញ។​

​កងកម្លាំង​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា​ ដ្រូន​ទាំង​នោះ​ត្រូវ​បានបាញ់​ស្ទាក់​នៅ​លើ​តំបន់ Sumy ដែល​ស្ថិត​នៅ​ប៉ែក​ឥសាន​ប្រទេស​អ៊ុយក្រែន​ជាប់នឹងព្រំដែន​រុស្ស៊ី។ ​

រដ្ឋបាល​យោធា​តំបន់​ Sumy បាន​បង្ហោះសារ​លើ​បណ្តាញ​តេឡេក្រាម​ពី​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​រោងចក្រ​អគ្គិសនីមួយ​កន្លែង។ គេ​នៅ​មិន​ទាន់​មាន​ព័ត៌មានភ្លាមៗ​ស្តី​ពី​ការ​ខូចខាត​ឬ​ជន​រងគ្រោះ​នោះ​ឡើយ​ ដោយ​ទី​ភ្នាក់ងារ​ថាមពល​អ៊ុយក្រែន​និយាយ​ថា​ គេ​នៅ​កំពុង​ពិនិត្យ​មើលពី​លទ្ធផល​នៃ​ការ​វាយប្រហារ​នោះ​នៅ​ឡើយ។​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក ​Volodymyr Zelenskyy នៅ​ក្នុង​សារ​មួយ​ក្នុង​ថ្ងៃ​បុណ្យ Easter ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋធានី​កៀវ​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​អ៊ុយក្រែន​ ឱ្យ​រួបរួម​ជូន​ពរគ្នាទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​ជូន​ពរ​ដល់​កងយោធា​អ៊ុយក្រែន​នៅ​សមរភូមិមុខ​ផង​ដែរ​ ដោយ​លោក​និយាយ​ថា​ «ព្រះ​នឹង​ជួយ​ឱ្យ​អ៊ុយក្រែន​ទទួល​បាន​ជោគជ័យ»។​

ក្នុង​រដ្ឋធានី​មូស្គូ​ឯណោះ​វិញ​ ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ Easter​ នេះ​ ​ដែល​រៀប​ចំ​ឡើងដោយ​សម្តេច​ព្រះសង្ឃរាជ​ Kirill ​នៃ​ព្រះវិហារ​ Orthodox ដែល​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ដល់មេដឹកនាំ​រុស្ស៊ី​រូប​នេះ ក៏​ដូច​ជា​ការ​គាំទ្រ​របស់​ព្រះអង្គលើសង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG