ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ពីរនាក់​គេចខ្លួន​ ដោយខ្លាច​ការ​គំរាម​កំហែង​ទាក់ទង​នឹង​ការ​បោះឆ្នោត


អ្នក​ភូមិ​គគីរ​ធំ ​ឃុំ​គគីរ​ធំ ​ស្រុក​គៀនស្វាយ ​ខេត្តកណ្តាល ​ពីរនាក់​ទំនងជា​បាន​រត់​គេច​ខ្លួន​ក្នុង​កន្លែង​សុវត្ថិភាព​ បន្ទាប់​ពី​ទទួល​រង​ការគំរាម​កំហែង​ដោយ​ជន​មួយ​ក្រុម​ដែល​ត្រូវ​គេ​ចង្អុល​បង្ហាញ​ថា​ ជាភ្នាក់ងារ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។​

លោកអុល​ សុខឡេង​បាន​ឲ្យ​ដឹង​តាម​ទូរ​ស័ព្ទថា ​លោក​កំពុង​គេច​ខ្លួន ​ក្រោយពី​ក្រុម​ពង្រឹង​គណបក្ស​ប្រជាជន​នោះ​តាម​រក​បង​ប្រុស​របស់​លោក​និង​គំរាម​បាញ់​សម្លាប់​រូបលោក​និង​គ្រួសារ​របស់​លោក។ ​ការគំរាម​នេះ​បាន​កើត​ឡើងកាល​ពីថ្ងៃ​ទី​២៩​ខែ​កក្កដា។​

លោក​និយាយ​ថា៖​ «គេ​ចង្អុល​មុខ​ម៉ែ​ឳខ្ញុំ​ ហើយ​ស្រែក​ម្តង​ទៀត​ថា​ បើ​មិន​ប្រាប់​ទេ​ក្រុម​គ្រួសារ​មីង​ឯង​ សម្លាប់​ចោល​ទាំង​គ្រួសារ។​ ខ្ញុំ​ក៏​ស្ទុះ​ទៅ​ទាញ​ទូរ​ស័ព្ទ​ថតសកម្ម​ភាព​ទាំង​នោះ​ ហើយ​ក្រុម​គេ​២​នាក់​ក៏ស្ទុះ​មក​ទាញ​ទូរ​ស័ព្ទ​ខ្ញុំ​ បម្រុង​នឹង​កំទេច​ចោល។ ​គេ​ក៏​ដក​កាំភ្លើង​រក​បាញ់​ខ្ញុំ។​ តែ​ខ្ញុំ​រត់រួច»។​

យោងតាម​លោក​អុល សុខឡេងបាន​ឲ្យ​ដឹង​ថា​ បញ្ហា​នេះ​ជា​ទាក់ទង​នឹង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា។​

នៅថ្ងៃ​នោះ​បងប្រុស​លោក​បាន​ចេញ​មុខ​ហាម​ឃាត់​ និង​តវ៉ា​មិន​ឲ្យ​ក្រុម​មនុស្ស​ចំនួន​៦​ឡាន​ដែល​គេ​បាន​ដឹក​មក​ឲ្យ​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​របស់​លោក ​ហើយ​អ្នក​ទាំង​នោះមិន​មែន​ជា​អ្នក​រស់​នៅ​ក្នុង​ឃុំគគីរ​ធំ​ទេ។​

លោក​សុខឡេង​អះអាង​ថា​ មួយ​ថ្ងៃ​ក្រោយពី​ការ​បោះឆ្នោត​ ក្រុម​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជាដែល​លោក​បញ្ជាក់​ថា​ ដឹកនាំ​ដោយ​លោក​ង៉ោ សុវណ្ណ​ ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​កណ្តាល បានមក​ស្វែងរក​ចាប់​ខ្លួន​បងប្រុស​របស់​លោក។​ នៅ​ពេល​នោះ​លោក​បាន​យក​ទូរស័ព្ទ​ថតរូប​ពួកគេ​ ហើយ​ក៏​ទទួល​រង​ការ​គំរាម​កំហែង​នោះ​ភ្លាម។​

លោក​មឹក ជាជា​ជំទប់​ទី១​ ឃុំគគីរធំបាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដាពិត​ជា​មាន​ករណី​សម្លុត​គម្រាមបាន​កើត​មាន​ឡើង​ពិត​មែន។​

លោក​និយាយ​ថា៖​«មាន​ពាក្យ​មួយ​ថា ​តាម​ចាប់​ និង​តាម​សម្លាប់។ ​លុះ​ដល់​ថ្ងៃ​ទី​២៩ ​ក៏​ទៅ​បង្ក​ហេតុ​ដល់​ផ្ទះ​នោះ​ឯង។​ ឃើញ​រក​ទាញ​កាំភ្លើង​បាញ់​ឈ្មោះ​អុល សុខ​ឡេង​ហ្នឹង។​ ប្រជារាស្រ្ត​ស្រែក​ ទើប​គេ​ទុក​កាំភ្លើង​ក្នុង​អាវ​វិញ។​ ហើយ​ឥឡូវ​នេះ​ [សុខឡេង]​កំពុង​តែ​គេច​ខ្លួន ​មិន​ទាន់​ដឹង​ថា​ដល់​ណាទេ»។​

លោក​រឿង មករា​ជាអ្នក​សម្រប​សម្រួល​របស់សមាគម​អាដហុក​ ស្នាក់ការប្រចាំ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ទទួល​បណ្តឹង​នេះ​ពី​ក្រុម​គ្រួសារ​របស់​លោក​អុល សុខឡេង​អំពី​ករណី​គម្រាម​កំហែង​នេះ​ ហើយ​លោក​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ ប្រមូល​ភស្តុតាង​ដើម្បីរៀប​ចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់។​

លោក​និយាយថា៖​ «យើង​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ជូន​គាត់ ​យក​ទៅ​ដាក់​តុលាការ​ដើម្បី​ឲ្យ​គាត់​ទទួល​បាន​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ​ ហើយ​បើ​ចាំបាច់​យើង​នឹង​ផ្តល់​មេធាវី​ជូន​គាត់​ដើម្បី​ឲ្យ​មេធាវី​ជួយ​រក​យុត្តិធម៌​ជូន​គាត់ ​នៅ​ពេល​ដំណើរ​ការ​នីតិវិធី​តាម​ផ្លូវ​តុលាការ»។​

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បញ្ជាក់​ថា ប្រជាជន​បាន​អះអាង​ថា​ មាន​រឿង​ហេតុ​ខាង​លើ​ កើត​ឡើង​នៅ​ថ្ងៃ​បោះឆ្នោត​ ហើយ​មួយ​ថ្ងៃក្រោម​មក ​ក៏មាន​ការ​តាម​ចាប់​ខ្លួន​បង​ប្រុស​របស់​លោក​អុល សុខឡេង។​

ទោះ​ជា​យ៉ាងណា​ក្តី​ លោកង៉ោ សុវណ្ណ​ជា​ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ឃុំ​គគីរធំ ​ខេត្ត​កណ្តាល​ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​លើ​រូបលោក។​

លោក​និយាយ​ថា៖ «រឿង​កំរាម​កំហែង​គេ​ មិន​មែន​ជា​វប្បធម៌​របស់​យើង​ខ្ញុំ​ទេ។ ​ខ្ញុំ​បាន​ទទួល​ដំណឹង​ហើយ​ គេថា​ ខ្ញុំ​ហ្នឹង​ដេញ​បាញ់​គេពេញភូមិ​ទៀត​នោះ។ ​ដេញ​បាញ់​គេ​យ៉ាង​ម៉េច? ពួក​ខ្ញុំហ្នឹង​មាន​ស្អី​ទៅ​បាញ់​គេ​កើត? មាន​កាំភ្លើង​ពី​ណា​មក?»

គណបក្ស​ប្រឆាំង​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​បាន​លើកពី​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​អំឡុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ។​

នៅ​ក្នុងនោះ​ដែរ​ ក្រុម​ប្រជា​ពលរដ្ឋ​នៅ​មណ្ឌល​បោះឆ្នោត​ជាច្រើន​កន្លែង​នៅ​តាម​ខេត្ត​និង​ក្រុង​នានា​បាន​ព្យាយាម​រារាំង​អ្នក​បោះឆ្នោត​ ដែល​ពួកគេ​អះអាង​ថា ​ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ពី​តំបន់ផ្សេង​ដើម្បី​ឲ្យ​មក​បោះ​ឆ្នោត​នៅ​តាម​តំបន់​របស់​ពួក​គេ៕
XS
SM
MD
LG