ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រឈម​របស់​យុវជន​ខ្មែរ នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពួកគេ


លោក សួង សុភ័ណ្ឌ ជា​ប្រធាន​ចលនា​យុវជន​នៃ​គណបក្ស​សម រង្ស៊ី។
លោក សួង សុភ័ណ្ឌ ជា​ប្រធាន​ចលនា​យុវជន​នៃ​គណបក្ស​សម រង្ស៊ី។

យុវជន​ខ្មែរ​មាន​កាតព្វកិច្ច​ចូលរួម​នៅ​ក្នុង​សកម្មភាព​នយោបាយ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភ្នំពេញ៖ ប្រធាន​ចលនា​យុវជន​នៃ​គណបក្ស​សម រង្ស៊ី និយាយ​ថា យុវជន​ខ្មែរ​មាន​កាតព្វកិច្ច​ចូលរួម​នៅ​ក្នុង​សកម្មភាព​នយោបាយ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្លួន។ លោក សួង សុភ័ណ្ឌ អាយុ​២៥​ឆ្នាំ បាន​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធី​ហេឡូ​ វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ ទី១០ ខែធ្នូ​នេះ។

«យុវជន​មិន​អាច​ងាក​ចេញ​ពី​ប្រព័ន្ធ​នយោបាយ​បាន​ទេ ព្រោះ​ប្រព័ន្ធ​នយោបាយ​គឺ​ជា​មាគ៌ា​មួយ​ដឹកនាំ​ប្រទេស ដូច្នេះ យុវជន​ត្រូវ​តែ​ចូល​រួម​យ៉ាង​សកម្ម​នៅក្នុង​នយោបាយ»។

យុវជន​កម្ពុជា​ជា​ច្រើន​ ត្រូវ​គេ​មើល​ឃើញ​ថា មិន​សូវ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទៅ​លើ​វិស័យ​នយោបាយ​ទេ។

លោក សួង សុភ័ណ្ឌ​ដែល​ជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ច្បាប់​ផង​នោះ និយាយ​ថា និន្នាការ​នេះ ត្រូវ​តែ​ផ្លាស់ប្តូរ។

«ជា​ការចាំបាច់​ណាស់​ដែល​យុវជន ត្រូវ​តែ​ក្លាហាន។ យុវជន​ត្រូវតែ​ព្យាយាម​ ប្រឈរ​មុខ ក្រោក​ឈរ ដើម្បី​ប្រទេស​ជាតិ​របស់​យើង»។

លោក សួង សុភ័ណ្ឌ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​វាយ​ដំ​ឲ្យ​របួស នៅ​ពេល​ដែល​លោក​បាន​ចូលរួម​ជាមួយ​ក្រុម​អ្នក​ភូមិ​បឹងកក់ ដើម្បី​ប្រឆាំង​នឹង​ការ​បណ្តេញ​ពួកគេ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ​មុន។

នៅ​ចុង​ខែ​មុន លោក​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ចំពោះ​ការ​ស្លាប់​ប្រជាជន​ចំនួន​៣៥៣​នាក់ និង​របួស​ប្រមាណ ៤០០នាក់ ផ្សេង​ទៀត​នៅ​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​មួយ​នៅ​លើ​ស្ពាន​កោះពេជ្រ​កាល​ពី​ឆ្នាំ​២០១០។

លោក សួង សុភ័ណ្ឌ៖ «សារ​របស់​ខ្ញុំ​គឺ​ខ្ញុំ​សូម​ឲ្យ​មេដឹកនាំ​គ្រប់​ជំនាន់​របស់​ខ្មែរ មេត្តា​មាន​វប្បធម៌​ចេះ​ទទួល​ខុសត្រូវ​ខ្ពស់»។
XS
SM
MD
LG