ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​កម្ពុជា​បង្ហាញ​សុទិដ្ឋិ​និយម​អំពី​អាស៊ាន​និង​ចិន


លោក​​ហោ​ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​​ខ្មែរ​​​និង​​លោក​​វ៉ាង យី​ រដ្ឋមន្ត្រី​​ការ​បរទេស​ចិន​​ទស្សនកិច្ច​នៅ​​កម្ពុជា។​
លោក​​ហោ​ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​​ខ្មែរ​​​និង​​លោក​​វ៉ាង យី​ រដ្ឋមន្ត្រី​​ការ​បរទេស​ចិន​​ទស្សនកិច្ច​នៅ​​កម្ពុជា។​
ប្រមុខ​ការទូត​កម្ពុជា​ លោក​ហោ​ ណាំ​ហុង​បាន​ចាត់​ទុក​កិច្ចប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​ចិន​នៅ​ចុងខែ​សីហា​នេះ​ថា ​ជា​កិច្ចប្រជុំ​ដែល​នឹង​អាច​ជួយ​ពង្រឹង​ការ​ខិតចូល​ជិត​គ្នា​រវាង​អាស៊ាន ​និង​ចិន។​

លោក​ថ្លែង​ថា៖​ «ការ​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ចិន​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ពង្រឹង​ពង្រីក​មិត្តភាព​សហ​ប្រតិបត្តិការ​ជា​យុទ្ធសាស្ដ្រ​រវាង​អាស៊ាន​និង​ចិន»។​

លោក​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជាហោ​ ណាំ​ហុង​ ថ្លែង​យ៉ាង​ដូច្នេះ​ចំពោះ​មុខ​សម​ភាគី​ចិន​របស់​លោក​គឺ​លោក​វ៉ាង​ យី​ ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។​ លោក​វ៉ាង​ ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា បាន​សន្យា​ការពារ​ប្រទេស​កម្ពុជា​ទល់​នឹង​ការ​ជ្រៀតជ្រែក​«រំខាន​ពី​មជ្ឈដ្ឋាន​ខាងក្រៅ»។​

ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​ថា​ អាស៊ាន​ នឹង​ត្រូវ​មាន​កិច្ច​ប្រជុំ​ពិសេស​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​៣០​ខែ​សីហា​ ក្នុង​ទីក្រុង​ប៉េកាំង។​

កិច្ចប្រជុំ​នឹង​ផ្តោត​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និង​កិច្ច​សហការ​រវាង​អាស៊ាន​ និង​ចិន​ ហើយ​វា​ចំ​ពេល​គម្រប់​ខួប​ដប់​ឆ្នាំ​នៃ​ចំណង​ទាក់ទង​ដៃគូ​ទាំង​ពីរ។​

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​បាន​ចូល​មក​កកូរ​ផ្ទៃ​ក្នុង​របស់​អាស៊ាន​ហើយ​បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​រវាង​កិច្ច​សហការ​អាស៊ាន​និង​ចិន​ មូលហេតុ​គឺ​ដោយសារ​ប្រទេស​បួន​ក្នុង​ចំណោម​ប្រទេស​សមាជិក​ចំនួន​ដប់​របស់​អាស៊ាន​ ដូច​ជា​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី​ ប្រ៊ុយណេ​និង​ហ្វ៊ីលីពីន​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន។​

ដែនសមុទ្រ​ចិន​ខាងត្បូង​នេះ​ត្រូវ​គេ​ជឿ​ថា​ សម្បូរ​ដោយ​ឧស្ម័ន​ធម្មជាតិ​ ប្រេង ​និង​ជា​ចំណុច​យុទ្ធសាស្ដ្រ​យោធា។​ ហើយ​ប្រទេស​ចិន​មាន​ជំហរ​ក្តោប​ក្តាប់​ដែនដី​ជម្លោះ​ស្ទើរ​តែ​ទាំងស្រុង។

លោក​ហោ​ ណាំ​ហុង​ជឿ​ថា​ កិច្ចប្រជុំ​ជាមួយ​ប្រទេស​ចិន​លើក​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យោគយល់​គ្នា​រវាង​ចិន​ និង​អាស៊ាន​កាន់តែ​ប្រសើរ​ជាង​មុន។​

លោក​បន្តថា៖​ «ខ្ញុំ​សង្ឃឹម​ថា ​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ចុង​ខែ​នេះ​គឺ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ចិន​កាន់តែ​ល្អ​ឡើង​ កាន់តែ​រឹង​មាំ​ឡើង​ និង​កាន់​តែ​យោគយល់​គ្នា​ឡើង»។​

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ឆ្នាំ​មុន​នៅ​ប្រទេស​កម្ពុជា​ បណ្តា​ប្រទេស​អាស៊ាន​បាន​បង្ហាញ​ភាព​បែកបាក់​ ប្រេះស្រាំ​ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​ជាមួយ​ប្រទេស​ចិន ​ហើយ​បាន​ធ្វើ​ឲ្យ​ខកខាន​មិនបានចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន។​

ប្រទេស​កម្ពុជា​ ដែល​ត្រូវ​គេ​មើលឃើញ​ថា ​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​ចិន​ បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​ចំពោះ​ជំហរ​របស់​ខ្លួន។​

កាលពី​ថ្ងៃ​ពុធ​ទី​១៤​ខែសីហា​ ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​ប្តេជ្ញា​និយាយ​ក្នុង​«សំឡេងតែ​មួយ»​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ជាមួយ​ប្រទេស​ចិន​លើ​ក្រម​ប្រតិបត្តិ​ស្តី​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។​

លោក​កៅ​ គឹម​ហួន​ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ប្រាប់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ខេមរ​ភាសា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ​សមាគម​អាស៊ាន​អាច​នឹង​ទទួល​លទ្ធផល​ជា​ផ្លែផ្កា​ពី​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​ចិន​នៅ​ចុង​ខែ​នេះ។​

លោក​បណ្ឌិត​ឡៅ​ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯករាជ្យ​មើលឃើញ​ថា​ «កម្លាំង​រួម​តែ​មួយ»​របស់​បណ្តា​ប្រទេស​អាស៊ាន​ជា​ដំណើរ​វិជ្ជមាន​សម្រាប់​សមាគម​ទាំង​ដប់​ប្រទេស​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG