ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​បើក​សម័យ​ប្រជុំ​សភា​ឯកបក្ស


ការថតរូប​អនុស្សាវរីយ៍​នៃការបើកសម័យ​ប្រជុំ​សភា​និតិកាល​ទី​៥ ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើពហិកា។​
ការថតរូប​អនុស្សាវរីយ៍​នៃការបើកសម័យ​ប្រជុំ​សភា​និតិកាល​ទី​៥ ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើពហិកា។​
បើទោះ​បី​ជាមាន​ភាព​ចម្រូង​ចម្រាស​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​វិបត្តិ​នយោបាយក្រោយ​ការ​បោះ​ឆ្នោតឲ្យបាន​ចប់​សព្វ​គ្រប់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី​ នៅ​នាទី​ចុង​ក្រោយ​ព្រះ​មហាក្សត្រ​នៅ​តែ​យាង​ជា​ព្រះ​រាជា​ធិបតី​ភាព​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ដំបូង​និតិកាល​ទី​៥​ដដែល។​

សម័យ​ប្រជុំ​រដ្ឋ​សភា​និតិកាល​ទី​៥នេះ​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​ចូលរួម​ទេ​គឺ​មាន​វត្តមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​៦៨​រូប​តែ​ប៉ុណ្ណោះ​និង​មាន​ឯក​អគ្គរដ្ឋ​ទូត​ពី​បណ្តា​ប្រទេស​មហា​អំណាច​សំខាន់ៗ​ និង​សហគមន៍អឺរ៉ុប​ចូល​រួម​ផង​ដែរ។​
សម័យ​ប្រជុំ​លើក​នេះ​ធ្វើ​ឡើង​ក្រោម​ការ​រិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។ ​ផ្លូវ​សំខាន់ៗ​នៅ​ជុំវិញ​បរិវេណ​រដ្ឋសភា​ ជុំវិញ​ព្រះ​បរម​រាជ​វាំង​ និង​ជុំវិញ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ត្រូវ​បាន​កម្លាំងសមត្ថកិច្ច​ដាក់​បារាស់​និង​បន្លា​លួស​ការ​ពារ។​

កម្លាំងសមត្ថកិច្ច​ច្រើន​រាប់​រយនាក់​ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​ ខែល​ ដំបង​ឆក់​សត្វ​ឆ្កែ​ និង​រថយន្ត​បាញ់​ទឹក​សម្រាប់​បង្ក្រាប​បាតុកម្ម បាន​ឡោម​ព័ទ្ធ​ជុំជិត​ជុំវិញ​បរិវេណ​នៃ​រដ្ឋ​សភា​ ក្នុង​ខណៈ​ពេល​អ្នក​តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ស្ថិត​នៅ​ខេត្ត​សៀមរាប ​និង​បាន​យក​ថ្ងៃ​ច័ន្ទនេះ​ជា​ថ្ងៃ​រាប់​បាត្រ​ប្រគេន​ព្រះ​សង្ឃ​នៅ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​ទៅ​វិញ។

ព្រះ​មហាក្សត្រ​បាន​ថ្លែង​បើក​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​និតិកាល​ទី​៥​មិន​ដល់​១០​នាទី​ផង​ ​ព្រះ​អង្គ​បាន​យាង​ចេញ​ពី​បន្ទប់​រដ្ឋ​សភា​មក​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា ​និង​អ្នក​ការ​ទូត​បរទេស។​

ព្រះ​មហាក្សត្រ​បាន​មាន​បន្ទូល​ថា​ សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​និតិកាល​ទី​៥​នេះ​គឺ​ជា​ឱកាស​ថ្មី​នៃ​ប្រវត្តិ​សាស្រ្ត​របស់​ស្ថាប័ន​និតិប្បញ្ញត្តិ​របស់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ផល​ប្រយោជន៍​ដទៃ​ទៀត។

ព្រះ​អង្គមាន​បន្ទូល​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋសភា​និតិកាល​ទី​៥​និង​មាន​ដំណើរ​ការ​ល្អ​ បំពេញ​ភារៈកិច្ចរបស់​ខ្លួន​ដោយ​ជោគ​ជ័យ​ ដ៏​ធំធេង​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជូន​ជាតិ​ មាតុភូមិ​ និង​ប្រជារាស្ត្រ​កម្ពុជា​យើង»។​

សមាជិក​រដ្ឋសភា​ទាំង​៦៨​រូប​បាន​បោះឆ្នោត​ដោយ​លើក​ដៃ​គាំទ្រ​របៀប​វារៈ​ចំនួន​ពីរ​គឺ​ការសម្រេចសុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​និមួយៗ​ និង​ការ​អនុម័ត​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​និតិកាល​ទី​៥​ដោយ​សំឡេងគាំទ្រ​៦៨​លើ​៦៨​សំឡេង​នៃ​សមាជិក​មាន​វត្តមាន។
ព្រះ​មហាក្សត្រ​បើក​សម័យ​ប្រជុំ​សភា​ឯកបក្ស
សូម​រង់ចាំ

No media source currently available

0:00 0:05:25 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ហេង សំរិន​ ព្រឹទ្ធសមាជិក​រដ្ឋ​សភា​ដែល​មាន​អាយុ​ចាស់​ជាង​គេ ​បាន​និយាយ​ថា៖​«សម័យ​ប្រជុំ​លើក​ទី​មួយ​និតិកាល​ទី​៥​ដោយ​ទទួល​បាន​សំឡេង៨០​ អូៗ​ ៦៨សំឡេង បាទ។​ ទៅ​៨០​ឯណា​ឯណោះ!។ ​សូម​អប​អរ​សាទរ»។​

បន្ទាប់​ពី​កិច្ច​ប្រជុំនៃ​រដ្ឋ​សភា​ដំបូង​ លោក​ងួន ញ៉ិល​ សមាជិក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ មណ្ឌល​ខេត្ត​កំពង់​ធំ​ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័តមាន​ថា ​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ស្ថាប័ន​រដ្ឋ​សភា។​

លោក​និយាយ​ថា៖ «បាទ​ ជាជោគ​ជ័យ​មួយ​ ព្រោះ​ថា​ ព្រះ​ករុណា​ ព្រះ​អង្គ​យាង​មក​ហ្នឹង​ជា​ជោគ​ជ័យ​មួយ។ ​ទីពីរ​គឺ​ថា​ អង្គទូត​នានា​ទូទាំង​ប្រទេស​អញ្ជើញ​មក​ដែរ។​ ទី​បី​គឺ​ព្រឹទ្ធ​សមាជិក​នៃ​សមាជិក​សភា​ជាប់​ឆ្នោត​គឺ​ថា ​អាយុ​ច្រើន​ជាង​គេ​គឺ​សម្តេច​ប្រធាន​ហេង សំរិន​បាន​អនុម័ត​នូវ​របៀប​វារៈទី​មួយ​គឺ​ប្រកាស​សុពល​ភាព​ទាំង​១២៣​នាក់​ ទី​ពីរ​គឺ​អនុម័ត​បទ​បញ្ជា​ផ្ទៃក្នុង»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​ចោទ​ការ​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​គឺ​ជា​ការ​រំលោភ​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​ប្រាប់​ VOA​ តាម​រយៈ​ទូរស័ព្ទ​ពី​ខេត្ត​សៀមរាប​មក​ថា ​សភា​ដែល​កើតចេញ​នៅ​ពេល​នេះ​គឺជា​សភា​ឯក​បក្ស​ មិនមែន​តំណាង​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​ទេ​ ពោលគឺ​ផ្ទុយ​ទាំង​ស្រុង​នឹង​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ សេរី ​ពហុបក្ស​ និង​នាំ​ប្រទេស​កម្ពុជា​ទៅ​កាន់​របប​ផ្តាច់​ការ​សារ​ជាថ្មី​ម្តង​ទៀត។​

លោក​និយាយ​ថា៖​ «គឺថា​ យើង​ឈាន​ទៅ​រក​របប​កុម្មុយ​នីស្ត​ទៀត​ហើយ។​ កាល​ពី​សម័យ​កុម្មុយ​នីស្ត​រដ្ឋ​កម្ពុជា​ស្អី​គេនោះ​ មាត្រាទី​មួយ​នៃ​រដ្ឋ​ធម្មនុញ្ញ​សម័យ​នោះ​គេ​ចែង​ថា៖ ​«បក្ស​ដឹកនាំ​រដ្ឋ​ និង​សង្គម»។ ​ឥឡូវ​បក្ស​គេ​តែ​មួយ​បក្សដដែល​ដឹកនាំ​រដ្ឋ​និង​សង្គម​ អត់​មាន​បក្ស​ណា​ទៀត​ទេ​ គឺ​យើង​វិល​ត្រឡប់​ទៅ​សម័យ​កុម្មុយ​នីស្ត​វិញ​ហើយ​គឺ​សម័យ​មុន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស។ ​ខ្ញុំ​ជឿថា​ សហគមន៍អន្តរ​ជាតិ​ ហើយ​ប្រជា​រាស្ត្រ​ខ្មែរ​មិន​អាច​ទទួល​យក​បាន​ទេ»។​

លោក​សម រង្ស៊ី​បាន​បញ្ជាក់​ទៀត​ថា ​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​ដើម្បី​សង្គ្រោះ​ជាតិ​យើង។​

សមាជិក​សភា​ដែល​ជាប់​ឆ្នោត​ទាំង​៦៨​រូប​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​បានធ្វើ​សច្ចាប្រណិធាន​នៅ​ឯ​ព្រះ​បរម​រាជ​វាំង ​ក្រោម​ព្រះ​រាជ​ធិបតី​ភាព​នៃ​ព្រះ​មហា​ក្សត្រ។ ​ចំណែក​នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ​ សភានឹងរៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ដើម្បី​ជ្រើស​តាំង​ប្រធាន​ អនុ​ប្រធាន​ទី១​ អនុ​ប្រធាន​ទី​២​នៃ​រដ្ឋសភា​ ប្រធាន​ អនុប្រធាន​នៃ​គណៈ​កម្មការ​ជំនាញ​ទាំង​៩​នៃ​រដ្ឋ​សភា​និង​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ចំពោះ​រដ្ឋា​ភិបាល៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG