ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​ក្តី​អតីត​អភិបាល​ក្រុង​បាវិត


លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត (រូបថត៖ ហេង រស្មី)
លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត (រូបថត៖ ហេង រស្មី)
ក្រោយ​ពី​មាន​បណ្តឹង​សារ​ទុក្ខ​ពី​ភាគី​ដើម​បណ្តឹង​និង​ចុង​ចោទ​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​ករណីដែល​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត។ ប៉ុន្តែ​សាល​ដីកានឹង​ត្រូវ​ប្រកាសនៅថ្ងៃ​ច័ន្ទ​ សប្តាហ៍​ក្រោយ​នេះ។

សាលាឧទ្ធរណ៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​កាត់​ទោស​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដោយ​កំបាំង​មុខ ​និង​ដោយ​អវត្តមានសាក្សី​សំខាន់ៗ​មួយ​ចំនួន។

ជន​រងគ្រោះ​ដែល​ជា​ភាគី​ដើម​បណ្តឹង​ទាំង​បី​រូប គឺ​អ្នកស្រី ប៊ុន ចិន្តា ប៊ុត សុខន និង អ្នកស្រី កែវ នា និង​សាក្សី​ជា​ប៉ូលិស​ចំនួន​បី​រូប​បាន​បង្ហាញ​វត្តមាន​តាម​ការ​កោះហៅ​របស់​អង្គ​ចៅក្រម ប៉ុន្តែ​ ជនជាប់​ចោទ លោក ឈូក បណ្ឌិត និង​សាក្សី​សំខាន់ៗ​ដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ដូចជា លោក គង់ ហ៊ុល និង អ៊ុំ កុសល​ មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​អង្គ​សវនាការ​ទេ។

កាលពី​ថ្ងៃ​ទី២៥​ ខែ​មិថុនា​កន្លង​មក​នេះ​ តុលាការ​ខេត្ត​ស្វាយរៀង​បាន​សម្រេច​ផ្តន្ទាទោស​លោក​ឈូក ​បណ្ឌិត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​ ៦​ខែ​ពីបទ​បង្ក​ហិង្សា​ដោយ​អចេតនា ​និង​ពិន័យ​ជា​ប្រាក់​សរុប​៣៨លាន​រៀល​គឺ​ប្រមាណ​ជិត​មួយ​ម៉ឺន​ដុល្លារ​ទៅ ឲ្យ​ជន​រងគ្រោះ​ដែល​ជា​កម្មការិនី​ចំនួន​បី​រូប​នោះ។​

ការ​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​រក​ឃើញ​ថា​ លោក​ឈូក ​បណ្ឌិត​មាន​ទោស​បាញ់​លើ​ស្ត្រី​ទាំងបី​នាក់​ដោយ​កាំភ្លើង​ខ្លី​ក្នុង​ពេល​ដែល​ពួកនាង​និង​កម្មករ​ជាង​១០០០​នាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី២០​ខែកុម្ភៈ​ឆ្នាំ២០១២​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយ​រៀង​ដើម្បី​តវ៉ា​ឲ្យ​មាន​ការ​គោរព​លក្ខ​ខណ្ឌ​ការងារ​ក្នុង​រោងចក្រ។ ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏បាន​ចេញ​ដីការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ភ្លាមៗ ក្រោយ​ពី​ការ​សម្រេច​ទោស​នោះ​ដែរ។​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​លោក​ ឈូក បណ្ឌិត​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​មកទទួល​ទោស​នៅ​ឡើយ។

យ៉ាង​ណា​ម៉ិញ​ទាំង​ភាគី​ជន​រងគ្រោះ​និងជនជាប់​ចោទបាន​ប្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​ខេត្ត​នេះ។

លោក កៃ វិសាល មេធារី​ការពារ​ជនជាប់​ចោទ​លោក​ ឈូក បណ្ឌិត បាន​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ដោះលែង​កូន​ក្តី​របស់​ខ្លួន ដោយ​សំអាង​ថា​ពុំ​មាន​សាក្សី​ណា​ម្នាក់បាន​ឃើញ​លោក​ឈូក បណ្ឌិត​ ជា​អ្នក​បាញ់​លើ​ជន​រងគ្រោះ​ដោយ​ផ្ទាល់​ភ្នែក​ទេ។

ប៉ុន្តែ​បើ​តាម​ការ​អះអាង​របស់​សាក្សីនិង​ជន​រងគ្រោះ​ មាន​តែ​លោក ឈូក បណ្ឌិត​ ប៉ុណ្ណោះ​ដែល​មាន​កាំ​ភ្លើងក្នុង​ការ​បាញ់​ប្រហារ​នោះ។

លោកស្រី សារីបុត្រ ចរិយា និង​លោក ជិន លីដា មេធាវី​ការពារ​ជនរងគ្រោះ​បាន​ស្នើ​ឱ្យ​តុលាការ​ពិចារណា​ផ្តល់សំណង​បន្ថែម​ដល់​កូនក្តី​ខ្លួន និង​តំកល់​បទ​ចោទឲ្យ​នៅ​ដដែល គឺ​បទ​ចោទ​ស្តី​ពី​ការ​ប៉ុនប៉ង​ធ្វើ​មនុស្ស​ឃាត។

លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ថ្លែង​ថា ​តាម​ការ​ផ្តល់​សក្ខីកម្ម​របស់​សាក្សី លោក ឈូក បណ្ឌិត ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​នេះ​។

«តាម​ការ​ដេញ​ដោរ​ទាំង​អស់​នេះ យើង​ឃើញ​ហើយ​ថា​ទាំង​ជនរងគ្រោះ​និង​សាក្សី​ជា​ច្រើន​ដែល​ចង្អុល​បង្ហាញ​ថា​មុន​ពេល​លោក​ឈូក បណ្ឌិត​មិន​ទាន់​មក​ដល់​រោងចក្រ​គ្មាន​ការ​បាញ់​ទៅ​លើ​កម្មករ​ទេ។ ហើយ​សាក្សី​ជា​សមត្ថកិច្ច​បាន​បង្ហាញ​ហើយ​ថា​ក្រៅ​ពី​លោក ឈូក បណ្ឌិត គ្មាន​អ្នក​ណា​មាន​កាំភ្លើង​ទេ ដូច្នេះ​គឺ​ច្បាស់ក្រឡែត​ហើយ​ថា​លោក​ ឈូក បណ្ឌិត​ជា​អ្នក​បាញ់​កម្មករ​ទាំង​បី​នាក់​ឱ្យ​រង​របួស។ ដូច្នេះ​នៅ​ពេល​នេះ​យើង​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ»។

លោក អំ សំអាត ក៏​បានរិះ​គន់​អាជ្ញាធរ​ថា​ គ្មាន​ឆន្ទៈក្នុង​ការ​នាំ​ខ្លួន​ជន​ជាប់ចោទ​លោក​ឈូក​ បណ្ឌិត​ ដែល​ជា​អតីត​មន្ត្រី​មាន​អំណាច​ម្នាក់​យក​មក​ផ្តន្ទាទោស​ផង​ដែរ។
លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃមិន​អាច​ទំនាក់ទំនង​បាន​ទេ​នៅ​ល្ងាច​នេះ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី ថ្លែង​ថា ក្រុម​សមត្ថកិច្ចនៅ​តែ​កំពុង​បន្ត​តាម​ចាប់លោក ឈូក បណ្ឌិត​យក​មក​ទទួល​ទោស​តាម​ច្បាប់។

«រដ្ឋាភិបាល​នៅ​តែបន្ត​ស្វាគមន៍​រាល់​ការ​សហការ​ទាំង​ការ​ផ្តល់​ព័ត៌មាន​ស្វែង​រក​ជន​ហ្នឹង ឬ​រាល់​វិធានការណ៍​ទាំង​ឡាយ​ដើម្បី​យក​ជន​ទាំង​អស់​នោះ​មក​ក្នុង​រង្វង់​កញ្ចក​សេះរបស់​យើង​ឱ្យ​បាន​ត្រឹមត្រូវ​ ដូច្នេះ​ករណី​នេះ​មិន​មែន​ជា​ករណី​មួយ​ត្រូវ​បាន​បិទ​ទេ គឺ​ករណី​ត្រូវ​ស្វែងរក​បន្ត​ទៀត»។

ក្រោយ​ពី​បើក​សវនាការ​ពេញ​មួយ​រសៀល លោក តាំង ស៊ុនឡាយ ប្រធាន​អង្គ​ចៅ​ក្រមនៅ​សាលាឧទ្ធរណ៍ថ្លែង​ថា​ សាលដីកា​លើ​សំណុំ​រឿង​លោក​ឈូក បណ្ឌិត នឹង​ត្រូវ​ប្រកាសនៅ​ថ្ងៃ​ទី​០៤ វិច្ឆិកា សប្តាហ៍​ក្រោយ​នៅ​វេលា​ម៉ោង​៨​ព្រឹក៕
XS
SM
MD
LG