ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី៖​ បាតុកម្ម​អហិង្សា​ក៏​ជា​ជម្រើស​ចុង​ក្រោយ


លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​កម្ពុជា​​ជួប​អ្នក​គាំទ្រ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​​
លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​កម្ពុជា​​ជួប​អ្នក​គាំទ្រ​នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​​
មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​កម្ពុជា​បាន​ត្រឡប់​ទៅ​មាតុប្រទេស​វិញ​នៅ​ពេល​ដែល​គណបក្ស​របស់​លោក​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​មុន។​

លោក​សម រង្ស៊ី​បាន​ទៅ​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ក្រោយ​ពី​បាន​ធ្វើ​ទស្សន​កិច្ច​រយៈពេល​ខ្លី​នៅ​សហ​រដ្ឋអាមេរិក។ ​លោក​មាន​ប្រសាសន៍​ថា​ បាតុកម្ម​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​គឺ​ជា​ជម្រើស​ចុងក្រោយ។​

មនុស្ស​រាប់​រយ​នាក់បាន​ចេញ​មក​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ស្វាគមន៍​លោក​សម រង្ស៊ី​ខណៈ​ដែល​លោក​បាន​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​និង​ខណៈ​ដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នេះ​កំពុង​មាន​ការ​ភ័យ​ខ្លាច​ថា​ ភាព​តានតឹងក្រោយ​ការ​បោះ​ឆ្នោត​អាច​នឹង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។​

ទាំងគណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ទទូចថា ​ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​ដោយ​ទទួលបាន​អាសនៈ​ភាគច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សភា​តំណាង​រាស្រ្តកាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ ដែល​មាន​សរុប​១២៣​កៅ​អី។​

ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​គណបក្ស​កាន់​អំណាច​បាន​ពង្រាយ​កងទ័ព​ និង​រថពាសដែក​នៅ​រាជធានី​ ហាក់​ដូច​ជា​ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ពេល​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​តវ៉ា។​

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ចំពេល​ដែល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​លើ​សមាសភាព​នៃ​គណៈ​កម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ដើម្បី​ត្រួត​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដែល​មាន​ច្រើន​សន្ធឹក​សន្ធាប់។​

នៅ​ខាង​ក្រៅ​ចំណត​យន្ត​ហោះ​ នៅ​ក្នុង​ចំណោម​ហ្វូង​អ្នក​យក​ព័ត៌មាន ​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ លោក​សម រង្ស៊ី ​ដែល​ជា​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឬ​CNRP​ បាន​ទទូច​ថា​ ត្រូវ​តែមាន​ការ​ស៊ើប​អង្កេត​ឥត​លម្អៀងមួយ។​

លោកសម​រង្ស៊ី​និយាយថា៖​ «ពិភព​លោក​ទាំង​មូល​ដឹង​ថា ​គណបក្ស​ CNRP ឈ្នះ​ឆ្នោត ​ហើយ​ពិ​ភពលោក​ទាំង​មូល​នឹង​ជួយ ​CNRP លាត​ត្រដាង​ការណ៍ពិត។ គឺ​ការណ៍ពិត​ដែល​CNRP ឈ្នះ​ឆ្នោត»។​ ​

លទ្ធផល​បឋម​ពី​គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នឹង​ទទួល​បាន​៦៨​អាសនៈ ​ខណៈ​ដែល​គណបក្ស​របស់​លោក​សម រង្ស៊ី​ទទួល​បាន​៥៥​អាសនៈ​នៃ​សភា​ដែលមាន​១២៣​អាសនៈ។​

គណបក្ស​ប្រឆាំង​បដិសេធ​តួលេខ​របស់គណៈ​កម្មាធិការជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​ហើយ​ប្រកាស​ថា​ ខ្លួន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​៦៣​អាសនៈ។​ គណបក្ស​នេះ​មិន​បាន​ផ្តល់​ភស្តុតា​ង​ដែល​ថា ​ខ្លួន​បាន​ឈ្នះ​ចំនួន​៦៣​អាសនៈ​នៅ​ឡើយ។​

ទោះ​បី​ជា​ដំបូង​ឡើយ​ ​គណបក្ស​កាន់​អំណាច​ប្រកាស​ថា​ ខ្លួន​គាំ​ទ្រ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​ភាព​មិន​ប្រក្រតីក្នុង​បោះឆ្នោត​នេះ​ក្តី គណបក្ស​នេះ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​គំនិត​នោះ​ ដែល​នាំឲ្យ​មាន​ការ​សង្ស័យ។ ​

ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ថា ​លោក​មាន​ជំនឿ​ថា ​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​នឹង​យល់​ព្រម។​

លោក​សម រង្ស៊ី​បន្តថា៖​ «ពិត​ណាស់​ គាត់​នឹង​យល់​ព្រម​ ពីព្រោះគ្មាន​អ្នក​ណា​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែង​ក្លាយ​នោះ​ទេ»។​

សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ឡាយ​ចរចា​ចំណុច​ខុស​គ្នា​ដោយ​សន្តិវិធី​ជា​ជាង​ជ្រើស​រើស​យកការ​គម្រាម​កំហែង​ឬការ​បះបោរ​ស៊ីវិល។​ ​ កាល​ពី​ថ្ងៃ​សុក្រ​ ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយ​ការណ៍​ថា ​រថក្រោះនិង​រថ​ពាសដែក​រាប់​សឹប​ត្រូវ​បាន​ដឹក​ពី​អឺរ៉ុប​ខាង​កើត​មក​ដល់​រាជធានី​ភ្នំពេញ។​

រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ទៀ បាញ់​បាន​ប្រាប់​កាសែត​កាំបូឌាដេលី​ថា ​សាព្វាវុធ​ទាំង​នេះ​មិន​មែន​សម្រាប់​ភ្ជូរស្រែ​ទេ ​តែ​សម្រាប់​ការ​ពារ​ប្រទេស​ពី​អ្នក​ដែល​ព្យាយាមបំផ្លាញ​វា។​

អ្នក​រិះគន់​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​និយាយ​ថា ​ការ​ដំឡើង​សាច់ដុំ​យោធា​នៅ​តាម​ផ្លូវ​គឺ​ដើម្បី​ព្យាយាម​ទប់​ស្កាត់​មិនឲ្យ​ប្រជា​ពល​ចូលរួម​ធ្វើ​បាតុកម្ម​តវ៉ា។​

ការ​ដំឡើងសាច់​ដុំ​នេះ​ហាក់​ដូច​ជា​មាន​ប្រសិទ្ធិភាព។ ​ជន​កម្ពុជា​ជា​ច្រើន​មាន​ការ​បារម្ភ​អំពី​លទ្ធភាព​នៃ​ការ​កើត​មាន​អំពើ​ហិង្សា​នៅ​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ ហើយ​កម្មករ​រោង​ចក្រ​កាត់ដេរ​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅភូមិ​របស់​គេ​វិញ​ដើម្បី​ជៀសវាង​បញ្ហា។ ​ការ​វិល​ត្រឡប់​របស់​កម្មករ​ទៅ​ស្រុក​វិញ​នេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហ​កម្ម​នាំចេញ​ធំ​ជាង​គេ​នៃ​ប្រទេស​នេះ។​

លោកឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា ​ការ​ពង្រាយ​ទ័ព​គឺ​ជា​សារ​សម្រាប់​គណបក្ស​ប្រឆាំង។​ ហើយទោះ​បី​ជា​មាន​ការ​សង្ស័យ​បន្តិច​បន្តួច​ក្តី វា​ក៏​ហាក់​ដូច​ជា​សារ​សម្រាប់​អ្នក​រិះ​គន់​លោក​នាយ​យក​រដ្ឋ​មន្រ្តី​នៅ​ក្នុង​គណបក្ស​របស់​លោក​ផ្ទាល់​ដែរ។​

លោកឡៅ ម៉ុងហៃ​និយាយថា៖​ «វាយ​តម្លៃ​តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​របស់អ្នកដឹក​នាំ​ផ្សេងៗ​នៃ​គណបក្ស​កាន់​អំណាច​ បង្ហាញ​ឲ្យ​ឃើញ​ថា ​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ទាំង​នេះមិន​ស៊ី​សង្វាក់​គ្នា​ទេ។ ​ដូច្នេះ​វា​ច្បាស់​ណាស់​ថា ​នេះ​បញ្ជាក់​អំពី​ការ​ខ្វះ​ភាព​ស៊ី​សង្វាក់​ក្នុង​ការ​ដឹក​នាំ​នៃ​គណបក្ស​នេះ»។​

ពេល​នេះ ​លោក​សម រង្ស៊ី​ទទូច​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ត្រូវ​គេ​បំភិត​បំភ័យ​បាន​ទេ​ ហើយ​គណបក្សនេះរៀប​ចំខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​បាតុកម្ម​អហិង្សាប្រសិន​បើ​គណៈ​កម្មការស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុងការ​បោះឆ្នោត​មិន​ត្រូវ​បាន​បង្កើត​ទេ​នោះ។​

លោកសម រង្ស៊ី​និយាយថា៖​ «យើង​ត្រូវ​តែ​រៀប​ចំខ្លួន​រួច​ជាស្រេច»។​

Carmichael ​អ្នក​យក​ព័ត៌មាន​វីអូអេ​សួរ​ថា៖ ​«ដូច្នេះ​សន្លឹក​បៀរ​បាតុកម្ម​នៅ​តែ​លេង? [លោកនៅតែ​ប្រើ​ជម្រើស​ធ្វើ​បាតុកម្ម?]»

លោក​សម រង្ស៊ី​ឆ្លើយ​ថា​៖«ជា​ជម្រើស​ចុង​ក្រោយ»។​

លោក​សម រង្ស៊ី​មាន​ប្រសាន៍​ថា ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ លោកនឹង​ធ្វើ​ដំណើរ​ពាស​ពេញ​ប្រទេស​កម្ពុជា​ដើម្បី​ជួប​អ្នក​គាំទ្រ​គណបក្សរបស់​លោក៕ ​ប្រែសម្រួលដោយលោកអ៊ឹម សុធារិទ្ធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG