ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្លះ​បាន​វិល​ទៅ​រស់នៅ​ក្នុង​ភូមិ​វិញ​ក្រោយ​ការ​បណ្តេញ​ចេញ


ក្រុមហ៊ុន​ចិន​មួយ​ កំពុង​​ធ្វើ​ការ​​អភិវឌ្ឍ​​តំបន់​លំហែកាយ​ទេសចរណ៍​មាត់​សមុទ្រ​ដ៏​ធំ។
ក្រុមហ៊ុន​ចិន​មួយ​ កំពុង​​ធ្វើ​ការ​​អភិវឌ្ឍ​​តំបន់​លំហែកាយ​ទេសចរណ៍​មាត់​សមុទ្រ​ដ៏​ធំ។
ខេត្តកោះកុង៖ ប្រជា​ពលរដ្ឋ​ជាង​មួយ​ពាន់​គ្រួសារ​នៅ​ក្នុង​ខេត្ត​កោះកុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​និង​ដី​ស្រែ​ចម្ការ​របស់​ខ្លួន ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ធ្វើ​ការអភិវឌ្ឍតំបន់​លំហែកាយ​ទេសចរណ៍​មាត់​សមុទ្រ​ដ៏​ធំ។ ប៉ុន្តែ​គ្រួសារមួយ​ចំនួន​ដែល​ត្រូវ​បាន​ផ្លាស់​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​ បាន​សម្រេច​វិល​ត្រឡប់​មក​ភូមិករ​ចាស់​របស់​ពួក​គេ​វិញ ដោយ​និយាយ​ថា ពួក​គេ​មិន​អាច​ទ្រាំ​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​នោះបាន​ទេ ដោយ​សារ​កង្វះ​ការងារ​ធ្វើ​ដើម្បី​ចិញ្ចឹម​ជីវិត។

ជីវិត​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង ​នៅពេល​នេះ ​សម្រាប់​គ្រួសារ​របស់​អ្នកស្រី​ជុំ សារ៉ាន​ ដែល​ត្រូវបាន​ផ្លាស់​មក​រស់​នៅ​ក្នុង​តំបន់​ភ្នំ​នៃ​ខេត្ត​កោះកុង​នេះ បន្ទាប់​ពី​ការ​ជម្លៀស​ដោយ​បង្ខំ​មួយ។

ពី​មុន អ្នក​ស្រី និយាយ​ថា អ្នក​ស្រី​អាច​ធ្វើ​ការ​ងារ​នៅ​ក្នុង​ចម្ការ​ស្វាយ​ចន្ធី​ទំហំ​៤​ហិកតា​កន្លះ​របស់​អ្នក​ស្រី​ខណៈ​ដែល​ប្តី​អ្នក​ស្រី​ចេញ​ទៅ​នេសាទ​ នៅពេល​ដែល​ក្រុម​គ្រួសារ​អ្នកស្រី​បាន​រស់​នៅ​ក្នុង​ភូមិ​ចាស់​របស់​ខ្លួន​ជាប់​ឆ្នេរ​សមុទ្រ ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ​ពី​ទី​នេះ។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប៉ុន្តែ​ក្រោយ​ពេល​ដែល​គ្រួសារអ្នក​ស្រី​ព្រម​ទាំងអ្នក​ភូមិ​ជាង​១១០០​គ្រួសារ​ផ្សេង​ទៀត​ ត្រូវ​បាន​បង្ខំ​ឲ្យ​មក​រស់នៅ​ក្នុង​ភូមិ​ថ្មី​នេះ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ចិន​ Union​ Development ​Group​ អភិវឌ្ឍ​តំបន់​លំហែកាយ​ទេសចរណ៍​មាត់​សមុទ្រ​ដ៏​ធំ​មួយ​មក អ្នក​ស្រី​និយាយ​ថា ជីវិត​របស់​អ្នកស្រី​កាន់តែ​លំបាក​ជាង​មុន។​

«ពិបាក​រក​ស៊ី​ណាស់​នៅទីនេះ។ គ្មាន​ការងារ​អី​ធ្វើ​ប៉ុន្មាន​ទេ។ បើ​គេ​ហៅ​កាប់​ព្រៃ​ទៅ​ មាន​ធ្វើ​អញ្ចឹង​ទៅ។​ បើ​អត់​ ក៏​អត់​ទៅ។​ អត់​អី​ហូប អត់​លុយ​ចាយ»។​
ដូច​អ្នក​ស្រី​ជុំ ស៊ីរ៉ាន​ដែរ គ្រួសារ​ជាច្រើន​ទៀត​នៅ​ទីនេះ​និយាយ​ថា ដោយ​សារ​ស្ថានភាព​រស់​នៅ​ដ៏​លំបាក​នេះ ពួក​គេ​កំពុង​ពិចារណា​វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុងភូមិ​ចាស់​របស់​ពួក​គេ​វិញ។​ ហើយ​ខ្លះ​បាន​វិល​ត្រឡប់​រួច​ទៅ​ហើយ។​

លោក​សែ ឃុន​គឺ​ជាអ្នក​នេសាទ និង​ជា​ឳពុក​នៃ​កូន​៧​នាក់ ដែល​បាន​សម្រេច​ចិត្ត​វិល​ត្រឡប់​មក​ភូមិ​កំណើត​វិញ​គឺ​ភូមិ​ចម្លងគោ​នេះ ដែល​ស្ថិត​ក្នុង​ស្រុក​បទុម​សាគរ​ បន្ទាប់​ពីត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​មួយ​រយៈ​ពេល​មក។​

«ឃើញ​បងប្អូន​នៅ​ហ្នឹង នៅ​តែ​នៅ។ ​ខ្ញុំ​វិល​មក​វិញ ​រស់​នៅ​ទី​នេះ​វិញ​ដដែល។ ទៅ​ភូមិ​នៅ​លើ​នោះ អត់​មាន​អី​រក​ស៊ី​ហ្នឹង​គេ។ ខ្ញុំ​រក​ស៊ី​បាន​តែ​ទូក​ក្តារ​និង​ចេះ​តែ​នេសាទ​ហ្នឹង​ រហូត​តាំង​ពី​ខ្ញុំ​រស់​នៅ​គៀនទឹក​នេះ»។​

នៅ​តំបន់​គៀនទឹក​ ក្នុង​ភូមិ​ចម្លងគោ​នេះ​ មាន​គ្រួសារ​មួយ​ចំនួន​នៅ​តែ​ជម្នះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជា​បន្តបន្ទាប់ ​ដោយ​ក្រុមហ៊ុន​ចិន​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ជួល​ដី​ឲ្យ​ទំហំ​៣៦០០០ហិកតា​ស្ថិត​នៅ​ក្នុង​ឧស្យាន​ជាតិ​បទុម​សាគរ​នេះដើម្បី​អភិវឌ្ឍ​រយៈ​ពេល​៩៩​ឆ្នាំ។​

លោកលឹម សុង​គឺ​ជា​អាចារ្យ​វត្ត​ម្នាក់​នៅ​ក្នុង​ភូមិនេះ។​លោក​និយាយថា៖ «ពួក​ខ្ញុំ​សព្វ​ថ្ងៃ ​នៅ​ចំណុច​គៀន​ទឹក​ជាង​៤០​គ្រួសារ​ហ្នឹង​គឺ​ថា ​ស្រេក​ឃ្លាន​ណាស់​នូវ​បណ្ណ​កម្ម​សិទ្ធិ​ និង​ស្រេកឃ្លាន​ណាស់​នូវ​លំនៅដ្ឋាន​ចាស់។ ដូចជា ខ្ញុំ​អាយុ​៦០​ឆ្នាំ​ទៅ​ហើយ បើ​ខ្ញុំ​ទៅ​ទីតាំង​ថ្មី សួរ​ថា ទំរាំ​ខ្ញុំ​ដាំ​ដូង​បាន​ស៊ី ខ្ញុំ​ងាប់​បាត់​ទៅ​ហើយ។ ​នៅ​ភូមិ​ខ្ញុំ​ មាន​ដូង មាន​ស្វាយ មាន​ដំណាំ​ហូប​ផ្លែ​គ្រប់​សព្វ ហើយ​បើ​ឲ្យ​ខ្ញុំទៅ ខ្ញុំ​អត់​ទៅ​ទេ។ ​ខ្ញុំ​សុខចិត្ត​ស្លាប់​នៅ​ក្រោម​ដើម​ដូង​ផ្ទះ​ខ្ញុំ​នេះ​ហើយ»។​

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្សនិយាយ​ថា កញ្ចប់​សំណង​ដែល​ក្រុមហ៊ុន​ចិន​ផ្តល់​ឲ្យ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍ​ដ៏​ធំ​របស់​ខ្លួន​នោះ មិន​សមស្រប​ទេ។​
លោកអ៊ិន គង់​ជិត​គឺ​ជា​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​កោះ​កុង​នេះ។​
លោក​និយាយ​ថា៖​ «សំណង​ហ្នឹង​គឺ​ជា​ការ​ដោះដូរ​គឺ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​ដី មាន​ផ្ទះ​ មាន​ផល​ដំណាំ ដែល​មាន​ផ្លែផ្កា​ហើយ ហើយ​ឲ្យ​គាត់​ទៅ​ទទួល​ផ្ទះ​មួយ​ខ្នង​និង​ដី​មួយ​ដែល​អត់​មាន​អ្វី​ទាល់​តែ​សោះ។ អញ្ចឹង វា​មាន​ភាព​អយុត្តិធម៌»។​

ដោយ​មាន​ការ​ព្រមព្រៀង​ពី​រដ្ឋាភិបាល ក្រុមហ៊ុន​នេះ​ត្រូវ​ចេញ​សំណង​ដល់​គ្រួសារ​នីមួយៗ​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​គម្រោង​នេះ។ សំណងនេះត្រូវមានទឹក​ប្រាក់​ពី​ពីរ​បី​រយ​ដុល្លារ​រហូត​ដល់​៨​ពាន់​ដុល្លារ​ចំពោះ​ដី​ស្រែ​ចម្ការ​ក្នុង​មួយ​ហិកតា ​អាស្រ័យទៅលើ​ប្រភេទ​ដី​ដែល​មាន​ដំណាំ​តិច ​ឬ​ច្រើន។​

ក្រៅ​ពី​សំណង​នេះ គ្រួសារ​នីមួយៗ​ក៏ទទួល​បាន​ផ្ទះ​ឈើ​មួយ​ខ្នង​និង​ដី​ទំហំ​សរុប​២​ហិកតា​កន្លះដើម្បី​រស់នៅ​និង​ដាំ​ដំណាំ​ឡើង​វិញ។​

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន​នេះ​កំពុង​មមាញឹក​សាងសង់​ផ្លូវ​សំខាន់​មួយ​ខ្សែ​និង​សំណង់​អាគារ​មួយ​ចំនួន​នៅ​ក្នុង​គម្រោង​ដែល​មាន​ទឹក​ប្រាក់​៣,៨ពាន់​លាន​ដុល្លារ។ គម្រោង​នេះ​នឹង​រួម​បញ្ចូល​ការ​សាង់សង់​សណ្ឋាគារ​ និង​បនល្បែង​លំដាប់​ផ្កាយ​៥ ទីលាន​វាយ​កូនហ្គោល ហើយ​និង​កំពង់​ផែ​សមុទ្រ​មួយ​ផង​ដែរ។ នេះ​បើ​យោង​តាម​ផែនការ​មេ​របស់​ក្រុម​ហ៊ុន​នេះ។​

ប៉ុន្តែ ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅក្នុង​ខេត្ត​កោះកុង​នេះ និយាយ​ថា ជា​ជាង​បង្ខំ​ប្រជាជន​ដែល​នៅ​សល់​ ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ពួកគេ ​ក្រុមហ៊ុន​និង​រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ទាំង​នេះ​រស់​នៅ​និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុងភូមិដែល​មាន​ស្រាប់​តាំង​ពី​យូរ​មក​ហើយ​នេះ។​

លោកនាង បូរាទីណូ​គឺ​ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​នេះ។​
លោក​និយាយ​ថា៖​ «ប្រជា​ពលរដ្ឋ​ចង់​រស់នៅ​ក្នុង​ភូមិ​ចាស់​របស់​គាត់​គឺ​ដោយសារ​ពួក​គាត់​មើល​ឃើញ​ថា ទីតាំង​ហ្នឹង​ជា​ផល​ប្រយោជន៍​សំខាន់​សម្រាប់​ពួក​គាត់។​ អញ្ចឹង​ រដ្ឋាភិបាល និង​អាជ្ញាធរ​ដែនដី ក៏​ដូច​ជា​ក្រុមហ៊ុន​ គួរ​ណាស់​តែ​ផ្តល់​តាម​ការ​ស្នើ​សុំ​របស់​ពួក​គាត់ ដូចជា​ការ​អនុវត្ត​គោល​នយោបាយ​ឃ្វាល​ស្បែក​ខ្លា ​[កាត់​ដី​ប្រជាជន​ទុក​ឲ្យ​ប្រជាជន​វិញ]​ ជូន​ពួក​គាត់»។​

វីអូអេ​បានព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ​Union ​Development​ Group ប្រចាំ​នៅ​កម្ពុជា​គឺ​លោក Li Zhi Xuan ដើម្បី​សុំ​ការ​ឆ្លើយតប ​តែ​មិន​អាច​ទាក់​ទង​បាន​ទេ ដោយ​ជំនួយ​ការ​ម្នាក់​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​ និយាយ​ថា លោក​ស្ថិត​នៅ​ក្រៅ​ប្រទេស​នៅឡើយ ហើយ​មិន​ដឹង​ ថា​តើ​លោក​នឹងអាច​ផ្តល់​បទ​សម្ភាសន៍​បាន​នៅ​ពេល​ណា​ទេ។​
ទោះ​ជាយ៉ាង​នេះ​ក្តី អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ការឃ្វាល​ដី​ភូមិ​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ​មិន​អាច​ធ្វើ​បាន​ទេ ហើយ​ថា​ ពួក​គេ​ត្រូវ​តែ​ចាកចេញ ទុក​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ។​

លោកអន ភារៈ​គឺ​ជា​អភិបាល​ស្រុក​បទុម​សាគរ។​

លោក​និយាយថា៖ «ជា​គោលការណ៍ បើ​ឲ្យ​ពួក​គាត់​នៅ​ទី​នោះ​គឺ​ត្រូវ​ឃ្វាល​ស្បែក​ខ្លា​ [កាត់​ដី​ប្រជាជន​ទុក​ឲ្យ​ប្រជាជន​វិញ]​ ហើយ ប៉ុន្តែ​តំបន់​នេះ​មិន​អាច​ឃ្វាល​ស្បែក​ខ្លា​[កាត់​ដី​ប្រជាជន​ទុក​ឲ្យ​ប្រជាជន​វិញ]​ បាន​ទេ មិនមែន​ដូច​ដាំ​កៅស៊ូ ដាំ​ដំឡូង ដាំ​ពោត​ទេ គឺ​តំបន់​ទេសចរណ៍។ អញ្ចឹងគឺ​ត្រូវ​មាន​ផ្លូវ មាន​ប្រព័ន្ធ​ទឹក អគារ​សំណឃ្វាលង់​ធំៗ ស្អេកស្កះ។ អញ្ចឹង​មិន​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​រាយ​ប៉ាយ កន្លែង​នេះ​មួយ កន្លែង​នោះពីរ​បាន​ទេ។ គ្រាន់​តែ​ពេល​ណាមួយ​ឯកភាព​គ្នា​ដោយ​សន្តិវិធី ដោយ​មិន​មាន​កា​បង្ខិត​បង្ខំ​អី អាហ្នឹង​ខ្ញុំ​មិន​ទាន់​ដឹង​ទេ។ ហើយ​ក្រុម​ការងារ​ក៏ដូច​ជា​អន្តរ​ក្រសួង​នឹង​ខិត​ខំ​ដោះស្រាយ​ការ​ងារនេះ ដើម្បី​ឲ្យ​ក្រុមហ៊ុន​គេ​អភិវឌ្ឍ​ទៅ​ ល្អ។ ហើយ​អា​ហ្នឹង​ជា​ការងារជួយ​ប្រទេស​ជាតិ​យើង​ដែរ ដែល​មាន​តំបន់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ នៅ​តំបន់​ឆ្នេរ​សមុទ្រ​យើង​នេះ»។​

ដោយ​ឆ្លើយតប​ទៅ​នឹង​ការ​អះអាង​ចំពោះ​សំណង​មិន​សមស្រប លោក​អភិបាល​ស្រុក​បន្ត​ថា៖​ «ចុះ​បើ​គោល​ការណ៍​អភិវឌ្ឍ​វា​ត្រូវ​ទៅ​ហើយ ស្មានតែ​ខ្ញុំ​អស់[ដី]​តិច​ណាស់​ឬ​នៅ​ទីនោះ? ដី​ខ្ញុំ​ជាង​១០​ហិកតា​នៅ​ជាប់​មាត់​សមុទ្រ។​ ខ្ញុំ​ស្រឡាញ់​ណាស់។​ ខ្ញុំ​ចង់​ធ្វើ​ចម្ការ​នៅ​ទីនោះ។ ដល់​ឥឡូវ​ គេ​ត្រូវ​អភិវឌ្ឍ​អញ្ចឹង ឲ្យ​ខ្ញុំ​ទាម​ទារ​យ៉ាង​ម៉ិច? បើ​ខ្ញុំ​ចង់​ទាមទារដី​នោះ​ ទាល់​តែ​ខ្ញុំ​បក​សក្តិ​ខ្លួន​ឯង​ចេញ​សិន ព្រោះ​យើង​ជា​អ្នក​អនុវត្ត​ច្បាប់»។​

តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​ភូមិ​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន ដូចជា​លោក​សួង ស៊ីថា​ជាដើម នៅ​តែ​អះអាងថា ពួកគេ​នឹង​មិន​ចាកចេញ​ពី​ផ្ទះ​និង​ដី​ស្រែ​ចម្ការរបស់​ខ្លួន​ឡើយ។​

ជា​អ្នក​នេសាទ​ផង​ និង​ជា​កសិករ​ផង លោកសួង ស៊ីថា ដែល​ជា​ឳ​ពុក​នៃ​កូន​ប្រាំ​នាក់​ និយាយ​ថា ​នៅ​ទី​បំផុត​ លោក​មាន​សំណួរ​តែ​មួយ​គត់​ដែល​លោក​ចង់​សួរ​ទៅ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ប្រសិន​បើ​លោក​មាន​ឪកាស។​

សំណួរគឺថា៖​ «ប្រសិន​បើ​គាត់​ឲ្យ​ជួប សូម​ឲ្យ​សម្តេច[ហ៊ុន សែន] ជួយ​ឃ្វាល​ស្បែក​ខ្លា​ដី​ភូមិ [កាត់​ដី​ភូមិ​ប្រជាជន​ទុក​ឲ្យ​ប្រជាជន​វិញ]​ និង​ដីស្រែ​ទុក​ឲ្យ​រាស្រ្ត​នៅ​ បាន ​ឬ​មិន​បាន?​ ខ្ញុំ​ចង់​បញ្ជាក់​តែ​ប៉ុណ្ណឹង​ទេ»។​

លោក​បន្ថែម​ថា ​លោក​មិន​អាច​រស់បាន​ទេ ប្រសិន​បើ​ឲ្យ​លោក​ទៅ​រស់​នៅ​ទីតាំង​ថ្មី​ក្នុង​តំបន់​ភ្នំ​នោះ៕
XS
SM
MD
LG